ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងយ៉ាងដូច្នេះថា «យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ»។
បើតាមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន, ការសម្រេចដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់នោះ គឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅ ពិសេសកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្រោយរយៈពេល៧២ម៉ោង ដែលបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកបញ្ជាក់ថា ពាក់ព័ន្ធការដោះលែងនេះ ភាគីថៃក៏បានជូនដំណឹងរួចរាល់ហើយទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ ដែលនឹងជួយសម្របសម្រួលលើការងារនេះ។
សូមរំលឹកថា វីរៈកងទ័ពកម្ពុជាទាំង១៨នាក់ ត្រូវបានទាហានថៃចាប់ខ្លួនក្រោយបទឈប់បាញ់ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ដែលគិតមកទល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៥៣ថ្ងៃហើយ៕


No comments:
Post a Comment