នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានធ្វើឡើងភ្លាមៗមុនពេលកិច្ចប្រជុំដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៊ូសាន លោកត្រាំបាននិយាយថា ការផ្លាស់ប្តូរនេះគឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីសាកល្បងនុយក្លេអ៊ែរដែលធ្វើឡើងដោយប្រទេសជាគូប្រជែង។
មេដឹកនាំអាមេរិក បានសរសេរថា «សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាណាទាំងអស់» ដោយបន្ថែមថា «រុស្ស៊ីជាប្រទេសទីពីរ ហើយចិនប្រទេសទីបីឆ្ងាយផុត ប៉ុន្តែនឹងតាមទាន់ក្នុងរយៈពេល៥ឆ្នាំ»។
លោកបាននិយាយថា «ដោយសារតែកម្មវិធីសាកល្បងរបស់ប្រទេសផ្សេងៗ ខ្ញុំបានណែនាំនាយកដ្ឋានសង្គ្រាមឲ្យចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែររបស់យើងដោយឈរលើមូលដ្ឋានស្មើគ្នា។ ដំណើរការនោះនឹងចាប់ផ្តើមភ្លាមៗ»។
ការប្រកាសនេះ តំណាងឲ្យការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងគោលនយោបាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលមានជាយូរមកហើយ។ អាមេរិកមិនបានធ្វើការសាកល្បងនុយក្លេអ៊ែរពេញលេញចាប់តាំងពីឆ្នាំ១៩៩២ ដោយជាការផ្អាកដោយខ្លួនឯងដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការកម្រិតការរីកសាយអាវុធនុយក្លេអ៊ែរ។
ការប្រកាសរបស់លោកត្រាំ ធ្វើឡើងចំពេលមានភាពតានតឹងជាសកលកាន់តែខ្លាំងឡើងលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយទាំងរុស្ស៊ី និងចិនបានជំរុញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ពួកគេ។ វាក៏ធ្វើឡើងតាមក្រោយការបញ្ចប់របស់ទីក្រុងមូស្គូទៅលើកិច្ចព្រមព្រៀងគ្រប់គ្រង និងរៀបចំភ្លូយតូនីញ៉ូមជាមួយទីក្រុងវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះ ដែលជាកតិកាសញ្ញាសំខាន់នៃសម័យសង្គ្រាមត្រជាក់ ដែលមានគោលបំណងកាត់បន្ថយការស្តុកទុកសារធាតុភ្លូយតូនីញ៉ូមសម្រាប់អាវុធនុយក្លេអ៊ែរ។
សេតវិមានមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតបន្ថែមអំពីទីកន្លែង ឬនៅពេលណាដែលការធ្វើតេស្តនឹងប្រព្រឹត្តទៅ ឬថាតើការផ្លាស់ប្តូរនេះបង្ហាញពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ដែលទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩៦ តែមិនបានផ្តល់សច្ចាប័ន ឬយ៉ាងណានោះឡើយ។
បច្ចុប្បន្នលោកត្រាំ កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំរបស់លោកជាមួយលោកស៊ី ជាកន្លែងដែលបញ្ហាសន្តិសុខក្នុងតំបន់ និងនុយក្លេអ៊ែរត្រូវបានគេរំពឹងថានឹងត្រូវផ្ដោតសំខាន់ក្នុងរបៀបវារៈ៕
ប្រភព៖ CNN

No comments:
Post a Comment