នៅភាគនិរតីនៃប្រទេសបារាំង ជាពិសេសនៅក្នុងតំបន់ Gironde និងជុំវិញទីក្រុង Bordeaux អាជ្ញាធរ បានពង្រីកតំបន់ជម្លៀសប្រជាជនជាបន្តបន្ទាប់ បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះកាន់តែសាហាវ ដោយសារតែកម្លាំងខ្យល់បក់បោកខ្លាំង។ មនុស្សជាង ២០០ ០០០នាក់ ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈដែលផ្ទៃដីព្រៃឈើជិត ៩៨ ០០០ហិចតាទូទាំងប្រទេស ត្រូវបានផ្លោះបំផ្លាញ ហើយអាគារយ៉ាងហោចណាស់ ១០០ខ្នង ត្រូវបានភ្លើងឆេះខ្ទេចខ្ទី។ ស្ថានការណ៍កាន់តែសោកសៅ បន្ទាប់ពីអ្នកពន្លត់អគ្គិភ័យបារាំង ២រូបបានពលីជីវិតក្នុងបេសកកម្មនេះ។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ បារាំងបានចល័តកងទ័ព ១ ៥០០នាក់ និងកម្លាំងសន្តិសុខជាង ១ ៧០០នាក់បន្ថែមទៀត ចុះអន្តរាគមន៍។
ចំណែកឯនៅប្រទេសអេស្ប៉ាញវិញ អគ្គិភ័យធំៗចំនួនពីរ បានរាលដាលចូលគ្នា និងកំពុងគំរាមកំហែងដល់តំបន់ក្បែរទីក្រុងម៉ាឌ្រីដ និងក្រុង Toledo។ មនុស្សប្រមាណ ៦០ ០០០នាក់ត្រូវជម្លៀសចេញពីភូមិឋាន ខណៈដែលផ្ទៃដីព្រៃឈើប្រមាណ ២៥ ០០០ហិចតាត្រូវអណ្តាតភ្លើងលេបត្របាក់ ហើយមនុស្សម្នាក់បានបាត់បង់ជីវិតនៅក្បែរក្រុង Valencia។
យ៉ាងណាមិញ នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ អាជ្ញាធរនៃប្រទេសទាំងពីរ ក៏ទទួលបានការជួយជ្រោមជ្រែងពីសហភាពអឺរ៉ុប តាមរយៈការផ្តល់យន្តហោះពន្លត់អគ្គិភ័យពីបណ្តាប្រទេសសមាជិកផ្សេងៗទៀត ដើម្បីរួមដៃគ្នាទប់ស្កាត់ការឆាបឆេះ និងសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់៕

No comments:
Post a Comment