ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក គាំ ច័ន្ទកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្ដចុះផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ធនឹងសមត្ថកិច្ចគយសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដល់មន្ដ្រីគយនិងរដ្ឋាករ អាជីវករនាំចូល ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយ នៅតាមបណ្ដាមាត់ច្រកនាំចូលនានាក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សរុបចំនួន ៨០រូប និងខេត្តព្រៃវែងចំនួន ៣៩ រូប។
កញ្ចប់វិធានការមុតស្រួចនេះ ត្រូវបានទទួលការអនុញ្ញាតនិងឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹងអនុសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់បំផុតសម្រាប់អនុវត្ត ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ វិធានការមុតស្រួចនេះ មាន ៣ ផ្នែកសំខាន់ៗ រួមមាន : ផ្នែកទី១- វិធានការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម, ផ្នែកទី២-ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ និង ផ្នែកទី៣- យន្តការតាមដានការអនុវត្ត ដែលមានសកម្មភាពលម្អិតសរុបចំនួន ៣១ សកម្មភាព។ កញ្ចប់វិធានការនេះ មានគោលបំណងបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ទម្រង់ ដើម្បីពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធនិងអាករ បង្កើនចំណូលជាតិ និងលើកស្ទួយបរិយាកាសប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ទន្ទឹមនឹងការពង្រឹងអនុលោមភាពកាតព្វកិច្ចពន្ធនិងអាករ កញ្ចប់វិធានការនេះ បានផ្តោតលើការជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការលុបបំបាត់ទីតាំងឈរជើងត្រួតគ្នា, ការលុបបំបាត់កម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនគ្រប់ប្រភេទ, ការត្រួតពិនិត្យចោះៗតែតាមព័ត៌មានហានិភ័យ, ការបង្កើនចំនួនធុរជនល្អ និងការអភិវឌ្ឍមុខងារបន្ថែមទៀតក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ជាដើម។ លោកអគ្គនាយករង ក៏បានរំលេចផងដែរអំពីផលវិបាកនៃការអល់អែក ឬការរារាំង មិនអនុវត្តកញ្ចប់វិធានការនេះ ដែលជាកម្មវត្ថុនៃការដាក់ទោសទណ្ឌ ដោយគ្មានការលើកលែង និងអាចឈានដល់នីតិវិធីតុលាការក្នុងករណីចាំបាច់។ កន្លងមក ការផ្សព្វផ្សាយដូចគ្នានេះ ត្រូវបានអនុវត្តរួចហើយនៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលាជាតិគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយវិធានការមុតស្រួចខាងលើនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា, សមាគមធុរកិច្ច, ធុរជននាំចេញ-នាំចូល, ប្រតិបត្តិករដឹកជញ្ជូន, ជើងសាគយ, មន្ត្រីគយនិងរដ្ឋាករមួយចំនួន សរុបប្រមាណ ៥១០ រូប។






















No comments:
Post a Comment