www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, November 28, 2022

នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាលនិងចាប់ឆ្នោតលេខឡូតិ៍ដី ផ្ទះជូនអតីតយុទ្ធជន

កំពង់ឆ្នាំង: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅថ្ងៃ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះ សំណាល និងចាប់ឆ្នោតលេខឡូតិ៍ដី ផ្ទះជូនអតីតយុទ្ធជន នៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមក្នុងពិធីនោះដែរមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី អភិបាលរងខេត្ដ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាច្រើននាក់ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា តាមរយៈសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គួរជាទីមោទនភាព ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុក ដាក់ចំពោះសុខទុក្ខប្រជាជនទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានជីវភាពក្រីក្រ ។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានរៀបចំកម្មវិធីចែកដី និងផ្ទះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រចំនួន១០០ខ្នង ផ្ទះ។

ឯកឧត្តមអភិបាលខេត្ត បន្តថា យើងបានសាងសង់រួចរាល់ហើយ ដោយសារមកពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពីក្រុមការងារ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។ រាជរដ្ឋាភិបាលនឹងចែកដី និងផ្ទះចំនួន ១០០ខ្នង ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជូនគ្រួសារអតីតយុទ្ធជន ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ត្រូវចេះប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ-១៩ និងខិតខំប្រឹងប្រែងបំពេញការងារដែលមានស្រាប់ ដើម្បីជួយដល់ជីវភាពគ្រួសារ និងត្រូវចេះសាមគ្គីគ្នាពេលមានធុរៈ ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ ។

នាយឧត្តមសេនីយ៍ បានបន្តថា រាជរដ្ឋាភិបាលបានប្រគល់ដីសម្បទានសង្គមកិច្ច ទំហំ ៤០ម៉ែត្រ x ៥០ម៉ែត្រ និងផ្ទះប៉ិតរចនាបថខ្មែរ ទំហំ ៦.៥ម៉ែត្រ x ៧.៣ម៉ែត្រ ធ្វើពីសរសរបេតុងអាម៉េ ផ្នែកខាងក្រោម និងផ្នែកខាងលើក្រាលស្មាបត ជញ្ជាំងស្មាបត ប្រក់ក្បឿង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនក្រីក្រ ។ ផ្ទះនេះកសាងឡើងតាមលក្ខណៈបច្ចេកទេស ដែលមានភាពធន់នឹងគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) ។ ផ្អែកតាមលក្ខខណ្ឌ ក្រោយពីទទួលមានដី និងផ្ទះរួចហើយ ម្ចាស់ផ្ទះត្រូវទៅស្នាក់នៅឱ្យមានញឹកញាប់ ឬជាអចិន្ត្រៃយ៍ ព្រមទាំងមុនរយៈពេល០៥ឆ្នាំ មិនអាចលក់ដូរ និងផ្ទេរកម្មសិទ្ធិជូនអ្នកផ្សេងបានឡើង ។ ត្រូវយកចិត្តទុកដាក់ក្នុងការ ដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពគ្រួសារផងដែរ ។

គួបញ្ជាក់ផងដែរ អតីតយុទ្ធជន ដែលមានជម្រកស្នាក់នៅមិនសមរម្យ ចំនួន ១០០គ្រួសារ បានអញ្ជើញមកចូលរួមក្នុងពិធីចាប់ឆ្នោត ទទួលដីកសិកម្ម និងលំនៅឋាន ចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានដីឡូត៍ និងផ្ទះមួយប្លង់ស្មើៗគ្នា ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ ដោយ បៃ ស៊ីថុន, សម្រួលផ្សាយ៖ កន ចំណាន

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages