ទំនាកទំនងការផ្សាយ៖ 017 678 187
តាកែវ÷ ច្រកទ្វារអន្តរជាតិភ្នំឌិនខេត្តតាកែវ ជាច្រកទ្វារមួយដែលល្បីល្បាញខ្លាំងណាស់ខាងនាំទំនិញគេចពន្ធយ៉ាងច្រើនចូលមកកម្ពុជា ដោយសារមេឈ្មួញមានអំណាច ខ្លះជាមន្ត្រីនគរបាលច្រកទ្វារព្រំដែន បានគប់គិតជាមួយមន្ត្រីគយច្រកទ្វារ ធ្វើជាអ្នកកាងនាំទំនិញគេចពន្ធខុសច្បាប់ផង ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនផង និងមានឃ្លាំងធំៗសម្រាប់ផ្ទេរទំនិញជាច្រើនកន្លែងផងដែរ។ជាកស្តែងក្រោយសារព័ត៌មានក្នុងស្រុកជាច្រើន បានបកអាក្រាតករណីទំនិញគេចពន្ធនៅច្រកទ្វារព្រំដែនភ្នំឌិនជាបន្តបន្ទាប់ ទំនិញគេចពន្ធ ទំនិញហាមឃាត់នាំចូលកម្ពុជា និងមួយចំនួនសង្ស័យជាទំនិញហែកទូកុងទីន័រ ត្រូវបានបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់មន្ត្រីគយនៃអគ្គនាយកដ្ឋានបង្ការ និងបង្រ្កាបអំពើគេចពន្ធជាបន្តបន្ទាប់។
ជាក់ស្តែងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ កំពុងផ្ទុះរឿងអាស្រូវកក្រើកច្រកភ្នំឌិនជាថ្មីទៀតហើយ ពាក់ព័ន្ធនឹងការបង្ក្រាបទំនិញគេចពន្ធទ្រង់ទ្រាយធំ។ ក្រោមវិធានការមុតស្រួចរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមមន្ត្រីគយនៃនាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធ គេឃើញដឹកនាំដោយលោកអនុប្រធាននាយកដ្ឋាន១រូប ព្រះរាជអាជ្ញាខេត្តតាកែវ និងកម្លាំងមន្ត្រីអាវុធហត្ថ ចុះបំពេញបេសសកម្មយ៉ាងក្តៅគគុក ពិនិត្យអនុលោមទំនិញនៅតាមឃ្លាំងស្តុកទំនិញនានានៅច្រកភ្នំឌិន និងបានឃាត់រថយន្តដឹកទំនិញធំៗចំនួន៥គ្រឿង ដែលក្នុងនោះរថយន្តដឹកទំនិញ២គ្រឿងជារបស់លោក វិន វុទ្ធ ជាមន្ត្រីនគរបាលដ៏មានអំណាចម្នាក់ប្រចាំច្រកទ្វារព្រំដែន ។ ក្រោយរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ក្រុមមន្ត្រីគយ ក៏បានបំពេញនីតិវិធីពន្ធគយតាមច្បាប់កំណត់ ប្រមូលចំណូលពន្ធចូលរដ្ឋបានរាប់រយលានរៀល។
បើតាមប្រភពរាយការណ៍ឲ្យដឹងថា ក្នុងមួយថ្ងៃៗ ទំនិញគេចពន្ធជាច្រើនបានចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិភ្នំឌិន ដាក់ក្នុងឃ្លាំងស្តុកទំនិញធំៗជាច្រើនកន្លែង។ ម្ចាស់ឃ្លាំងទាំងនោះសុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារនេះតែម្តងដូចជាឈ្មោះចាន់រ៉ា ឈ្មោះយាយផៃ ហើយមេឈ្មួញល្បីឈ្មោះខ្លាំងជាងគេគឺលោក ជ្រិន ឆាយ និងលោក វិន វុទ្ធ ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនភ្នំឌិននេះតែម្តង។ មេឈ្មួញជាមន្ត្រីនគរបាលទាំងពីររូបនេះមានអំណាចខ្លាំងនៅច្រកភ្នំឌិន ដោយសារមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែក ចាំកាងការពារពីក្រោយខ្នងយ៉ាងរឹងមាំ។ ជាច្រើនឆ្នាំមកហើយ គ្មានអ្នកណាហ៊ានប៉ះពាល់ ឬចាប់ទំនិញគាត់ឡើយ។
ច្រកទ្វារអន្តរជាតិភ្នំឌិននេះ មានច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹកពេលយប់ផងដែរ។
បើតាមប្រភពឲ្យដឹងថា ក្នុងមួយយប់ៗ មានទំនិញគេចពន្ធ៤-៥រថយន្តធំៗ ត្រូវបានគេទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ រួចលើកដាក់រថយន្តសាំយ៉ុងកែច្នៃ ឬរថយន្តកូរ៉េ ធំៗ ដឹកបន្តមកចែកចាយនៅក្រុងភ្នំពេញ តាមផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣។ ប្រភពដដែលឲ្យដឹងទៀតថា បើតាមអត្រាពន្ធគយទំនិញក្នុង១រថយន្តធំត្រូវបង់ចូលរដ្ឋមិនក្រោម២៥លានរៀលទេ។ ប៉ុន្តែពេលគេដឹកគេចពន្ធតាមម៉ូតូ និងគោយន្ត គឺគេចំណាយក្រៅច្បាប់លើមន្ត្រីនគរបាលច្រកទ្វារព្រំដែនចំនួន៥លានរៀល ឯខាងមន្ត្រីគយវិញ គឺត្រូវចំណាយតិចច្រើនទៅតាមប្រភេទទំនិញ និងការចរចាផ្ទាល់ពីអ្នករត់ការ។ បុគ្គលជើងខ្លាំងខាងរត់ការទំនិញគេចពន្ធ គឺលោក វិន វុទ្ធ អនុប្រធានការិយាល័យនគរបាលច្រកទ្វារព្រំដែន ដែលជាអ្នកប្រមូលសេដ្ឋកិច្ចឲ្យនាយនគរបាលច្រកភ្នំឌិន។ បើតាមការប៉ាន់ស្មានគ្រាន់តែច្រករបៀងសងខាងច្រកទ្វារព្រំដែនភ្នំឌិន រដ្ឋត្រូវបាត់ចំណូលជាតិមិនតិចជាង១០០លានរៀលនោះទេក្នុងមួយថ្ងៃៗ នេះមិនទាន់គិតការគៃបន្លំចំណូលពន្ធរដ្ឋនៅច្រកទ្វារអន្តរជាតិផង។
ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មន្ត្រីគយដើមខ្សែមានតួនាទីសំខាន់ត្រូវអនុវត្តច្បាប់គយឲ្យបានត្រឹមត្រូវ។ ប៉ុន្តែបើពិនិត្យមើលមន្ត្រីគយច្រកទ្វារព្រំដែនភ្នំឌិន ដែលមានលោក លី គឹមសាន ជាប្រធានការិយាល័យគយ និង លោក ស៊ុម ឆាយ ប្រធានសាខាគយខេត្តតាកែវ ហាក់ដូចមិនខ្វាយខ្វល់អនុវត្តន៍ច្បាប់ប្រមូលពន្ធគយឲ្យបានត្រឹមត្រូវឡើយ ហើយបែរជាលង់លក់នឹងអំណាចទឹកប្រាក់របស់មេឈ្មួញទុច្ចរឹតទៅវិញ។
ករណីឃាត់រថយន្តដឹកទំនិញ និងចុះពិនិត្យអនុលោមទំនិញរបស់ក្រុមមន្ត្រីគយនៃ នាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធនៅច្រកទ្វារព្រំដែនភ្នំឌិន ដោយបានរកឃើញទំនិញគេចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ វាសមល្មមសម្រាប់ឯកឧត្តមបណ្ឌិត គុណ ញឹម ធ្វើកាវាស់វែងសមត្ថភាពការងាររបស់លោក លី គឹមសាន ប្រធានការិយាល័យគយច្រកទ្វារភ្នំឌិន និងលោក ស៊ុមឆាយ ប្រធានសាខាគយខេត្តតាកែវហើយ ព្រោះថាបច្ចុប្បន្ន មន្ត្រីគយច្រើនណាស់មានសមត្ថភាពគ្រប់គ្រាន់ និងមានសមានចិត្តក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិដ៏កំសត់មួយនេះ។
គួរបញ្ជាក់ដែរថាការចុះពិនិត្យអនុលោមទំនិញពីសំណាក់ក្រុមមន្ត្រីគយ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបអំពើគេចពន្ធនេះ ហាក់មានការលាក់បាំងខ្លាំណាស់ តែទោះជាយ៉ាងណា ក៏មិនអាចបិទបាំងដំណឹងពីអ្នកយកព័ត៌មានបានឡើយ៕






No comments:
Post a Comment