យោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦ ជាលទ្ធផលវិជ្ជមាន ខាងស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងហ្សាកាតា បានបង្ហាញសញ្ញា «យល់ព្រមតាមការស្នើសុំ» ចំពោះកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុន Pertamina Group របស់ឥណ្ឌូណេស៊ី។
បច្ចុប្បន្នមានកប៉ាល់ដឹកប្រេងធំៗចំនួនពីររបស់ឥណ្ឌូណេស៊ី គឺកប៉ាល់ Pertamina Pride (ដឹកប្រេងឆៅសម្រាប់ប្រើប្រាស់ក្នុងស្រុក) និងកប៉ាល់ Gamsunoro (ដឹកប្រេងឥន្ធនៈសម្រាប់អតិថិជនក្រៅស្រុក) កំពុងស្ថិតនៅក្នុងតំបន់ឈូងសមុទ្រនៅឡើយ។ ដោយសារតែការវាយប្រហាររវាងអាមេរិក-អ៊ីស្រាអែល និងការសងសឹកពីសំណាក់អ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ និងធ្វើឲ្យច្រកសមុទ្រនេះស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់ ទើបឥណ្ឌូណេស៊ីត្រូវបង្ខំចិត្តប្រើផ្លូវការទូតដើម្បីធានាសុវត្ថិភាពកប៉ាល់ និងក្រុមនាវិករបស់ខ្លួន។
យុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីនេះ គឺដើរតាមគន្លងរបស់ប្រទេសថៃ ដែលកាលពីពេលថ្មីៗនេះ ក៏បានសម្រេចកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបើកផ្លូវឲ្យកប៉ាល់ដឹកប្រេងរបស់ខ្លួនឆ្លងកាត់ដោយសុវត្ថិភាពដូចគ្នា។ ទោះបីជាស្ថានភាពទីផ្សារពិភពលោកកំពុងប្រែប្រួលខ្លាំង និងមានហានិភ័យខ្ពស់ ប៉ុន្តែអាទិភាពចម្បងរបស់ទីក្រុងហ្សាកាតានៅពេលនេះ គឺការការពារទ្រព្យសម្បត្តិថាមពល និងជីវិតមនុស្សដែលកំពុងធ្វើដំណើរនៅលើផ្លូវទឹកដ៏គ្រោះថ្នាក់មួយនេះ។

No comments:
Post a Comment