ប្រតិបត្តិការយោធា «Operation Epic Fury» ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បញ្ជាក់ថា បានសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ខណៈដែលកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពទាល់ច្រក។
តាមរយៈសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងាររដ្ឋ KCNA ទីក្រុងព្យុងយ៉ាងបានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឡើងក្រោមការគាំទ្រយ៉ាងសកម្មពីសហរដ្ឋអាមេរិក ហើយសកម្មភាពយោធាបន្តបន្ទាប់របស់វ៉ាស៊ីនតោន គឺជាអំពើឈ្លានពានខុសច្បាប់ទាំងស្រុង និងជាការរំលោភបំពានអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ KCNA បានបញ្ជាក់ថា «អំពើឈ្លានពានបែបនេះ មិនអាចយកមកធ្វើជាលេសដោះសារបានឡើយ ហើយក៏មិនអាចអត់ឱនឲ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ការវាយប្រហារចុងក្រោយនេះ កើតឡើងក្នុងរយៈពេល៨ខែ បន្ទាប់ពីអាមេរិកបានអនុវត្តប្រតិបត្តិការ «Operation Midnight Hammer» លើរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ដែលបង្កឲ្យមានការភ័យខ្លាចនូវជម្លោះក្នុងតំបន់កាន់តែរីករាលដាល ស្របពេលដែលវ៉ាស៊ីនតោនកំពុងព្យាយាមផ្តោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន។

No comments:
Post a Comment