នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំកាលពីថ្ងៃពុធ លោក Xiao Qian បានរិះគន់បំណងរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការដណ្តើមយកកំពង់ផែនេះមកវិញ ដោយលោកបានចោទសួរពីសុចរិតភាពនៃការបង្វែរកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅពេលដែលកន្លែងនោះចាប់ផ្តើមរកប្រាក់ចំណេញបាន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា ទីក្រុងប៉េកាំងនឹងចាត់វិធានការ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន Landbridge Group ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីចិន លោក Ye Cheng ទោះបីជាលោកមិនបានបញ្ជាក់លម្អិតអំពីវិធានការការទូត ឬសេដ្ឋកិច្ចណាមួយក៏ដោយ។
កិច្ចព្រមព្រៀងជួលដែលមានតម្លៃ៣៥០លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ គឺជាចំណុចស្នូលនៃភាពតានតឹងផ្នែកយុទ្ធសាស្ត្រ ខណៈដែលលោកនាយករដ្ឋមន្ត្រី Anthony Albanese ធ្លាប់បានសន្យាថានឹងនាំយកកំពង់ផែនេះមកឲ្យអូស្ត្រាលីគ្រប់គ្រងវិញ ដោយសារហេតុផលសន្តិសុខជាតិ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើតកាលពីថ្ងៃពុធ លោក Albanese បានបញ្ជាក់ជាថ្មីនូវជំហរនេះម្ដងទៀត ដោយចាត់ទុកការបង្វែរការគ្រប់គ្រងកំពង់ផែពីចិនមកឲ្យអូស្ត្រាលីវិញថាជា «ផលប្រយោជន៍ជាតិ»។
ទោះបីជាមានភាពរកាំរកូសផ្នែកនយោបាយក៏ដោយ ការពិនិត្យឡើងវិញរបស់រដ្ឋាភិបាលជាច្រើនលើក បានរកឃើញថាគ្មានមូលដ្ឋានច្បាស់លាស់ក្នុងការលុបចោលកិច្ចសន្យានេះឡើយ។ ជម្លោះនេះបានបន្ថែមសម្ពាធថ្មីលើទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី ដែលមានតម្លៃពាណិជ្ជកម្មទ្វេភាគីជាង ២១៨ពាន់លានដុល្លារក៏ដោយ៕

No comments:
Post a Comment