www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, December 20, 2024

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយ UN បន្តសកម្មភាពថែរក្សាសន្តិភាព និងសកម្មភាពមនុស្សធម៌

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសហប្រជាជាតិ (UN) បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេស ព្រមទាំងបន្តសកម្មភាពមនុស្សធម៌។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឱកាសលោកតំណាងដ៏ខ្ពង់ខ្ពសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អសប (UN-TPP) ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៅសាលា POK ខេត្តកំពង់ស្ពឺ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា នៅពេលខាងមុខ ដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព, អង្គការសហប្រជាជាតិ នឹងត្រូវការបង្កើនចំនួនកម្លាំងរក្សាសន្តិភាពទ្វេរដងដែលត្រូវទទួលបានការហ្វឹកហ្វឺន ឱ្យមានវិជ្ជាជីវៈច្បាស់លាស់ដើម្បីបំពេញការងារបានឱ្យស័ក្តិសិទ្ធ ស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នបុគ្គលិកយោធា ប៉ូលីស និងជនស៊ីវិលជាង ១០០,០០០នាក់ មកពី១២៥ប្រទេស កំពុងបម្រើក្នុងប្រតិបត្តិការរក្សាសន្តិភាពចំនួន១៤ នៅលើពិភពលោក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ការហ្វឹកហាត់មានគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិលើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម ច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាម អង្គការសហប្រជាជាតិ ត្រូវការការសន្យាច្បាស់លាស់ពីរដ្ឋសមាជិករបស់ខ្លួនក្នុងក្របខ័ណ្ឌថ្មី នៃប្រព័ន្ធរៀបរយសមត្ថភាពរក្សាសន្តិភាព (Peacekeeping Capability Readiness System) ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកថា ចំពោះកម្ពុជាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ (១៤ ធ្នូ ១៩៥៥) កន្លងទៅថ្មីៗនេះ គឺជាខួប៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ដែលជាអង្គការអន្តរជាតិធំជាងគេ ក្នុងពិភពលោក និងមានគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម ច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។ ក្នុងន័យនេះកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាពចាប់តាំងពីឆ្នាំ២០០៦មក។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នាយទាហាន ពលទាហានចំនួន ៩,៨២៤នាក់ បានចូលរួមបំពេញបេសកកម្មប្រកបដោយជោគជ័យ និងចំនួន៦២៧នាក់ ដែលបានបញ្ចប់និងកំពុងបំពេញ បេសកកម្មក្នុង ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ីប, ស៊ីរី, ម៉ាលី លើ មុខជំនាញក្នុងវិស័យរក្សាសន្តិភាពជាច្រើន ជាពិសេសការបោសសំអាតមីន ការរុករក និងការកំទេចគ្រាប់ មិនទាន់ផ្ទុះដែលជំនាញ ទាំងនេះត្រូវបានទទួលស្គាល់ និងការកោតសរសើរជាលក្ខណៈអន្តរជាតិ។ នាយទាហានទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់ស្ថិរភាព មួយផ្នែកនៃពិភពលោកផងដែរ។

លោកថ្លែងដោយភាពជឿជាក់ថា ឆ្លងកាត់បទពិសោធន៍ទាំងនេះជឿជាក់ថាសិក្ខាកាម អន្តរជាតិទាំងអស់បានរៀនសូត្រច្រើនពីកម្ពុជា ហើយកម្ពុជាខ្លួនឯងក៏បានដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗថែមទៀតពីការពិភាក្សាស៊ីជម្រៅ ក្នុងវគ្គ ហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀតក្នុងប្រតិបត្តិការរក្សាសន្តិភាពទៅអនាគត៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages