www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, December 22, 2024

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ” ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” ដែលជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាពនិងសុវត្ថិភាពសន្តិសុខសាយប័រ ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដម សំ សិទ្ធិសិរី អគ្គនាយកនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធនាគារចល័ត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានជួយជំរុញយ៉ាងឆាប់រហ័សនូវការវិវត្តនៃប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកសង្គមឌីជីថល។ ខណៈពេលដែលវឌ្ឍនភាពឌីជីថលនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើន វាក៏បានពង្រីកហានិភ័យនៃសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។

ឯកឧត្ដម សំ សិទ្ធិសិរី បានឱ្យដឹងថា បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជា មានការកើនឡើង ប៉ុន្តែចំណេះដឹងពីសុវត្ថិភាពសន្តិសុខសាយប័រនៅមិនទាន់ទូលំទូលាយនៅឡើយ ដែលនាំឱ្យកម្រិតហានិភ័យនៃការរងគ្រោះស្ថិតក្នុងលំដាប់ខ្ពស់ និងមិនអាចឆ្លើយតបបានទាន់ពេលវេលានៅពេលមានឧប្បត្តិហេតុណាមួយកើតឡើង។ ហានិភ័យទាំងនោះ រួមមានការបោកបញ្ឆោតអនឡាញ ការផ្ញើតំណភ្ជាប់ក្លែងបន្លំ ការជ្រៀតចូលនៃមេរោគ ការលួចអត្តសញ្ញាណ និងការលួចព័ត៌មានទិន្នន័យជាដើម។ ស្ថាប័នរដ្ឋស្ថាប័នឯកជន និងសាធារណជនទូទៅសុទ្ធតែអាចប្រឈមមុខនឹងហានិភ័យក្នុងលំហសាយប័រដែលកំពុងលេចឡើងទាំងអស់នេះ។

ក្នុងន័យនេះ គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ” មានគោលបំណងសំខាន់ៗ ៤ រួមមាន៖

១. លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគំរាមកំហែង និងសុវត្ថិភាពតាមអ៊ីនធឺណែត ដល់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងហោចណាស់ចំនួន៥០,០០០នាក់ តាមរយៈការផ្សព្វផ្សាយខិតបណ្ណព័ត៌មានឌីជីថល និងវីដេអូអប់រំខ្លីតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ក.ប.ទ។

២. បង្កើនការយល់ដឹងដល់និស្សិតចំនួន ២៥០ នាក់ ទាក់ទងទៅនឹងឯកជនភាពនៃទិន្នន័យ តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលានៅតាមគ្រឹះស្ថានសិក្សាចំនួន ៥ដូចជាសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

៣. ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អ្នកចូលរួមចំនួន ៣០០-៤០០ តាមរយៈវេទិកាស្ដីពីសន្តិសុខសាយប័រ ទាក់ទងនឹងការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា

និង៤. ជម្រុញ លើកទឹកចិត្ត និងបង្កើតទម្លាប់ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់លើសន្ដិសុខឌីជីថល និងប្រើប្រាស់អ៊ីនធឺណែតប្រកបដោយទំនួលខុសត្រូវ។

គម្រោង“ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ” ក៏ជាការចូលរួមគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងនោះការផ្តោតលើការធានាឱ្យមានសុវត្ថិភាព និងនិរន្តភាពនៃសន្តិសុខឌីជីថល គឺជាសកម្មភាពអាទិភាពយ៉ាងសំខាន់មួយក្នុងការចូលរួមជម្រុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលប្រកបដោយប្រសិទ្ធភាព គុណភាព និងបរិយាបន្ន។

គម្រោង“ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ” បានដាក់ចេញនូវផែនការសកម្មភាពជាច្រើន ដូចជា ការផ្សព្វផ្សាយតាមបណ្តាញឌីជីថល ការរៀបចំសិក្ខាសាលានៅតាមគ្រឹះស្ថានសិក្សា យុទ្ធនាការផ្សព្វផ្សាយតាមរយៈវេទិកាស្ដីពីសន្តិសុខសាយប័រសម្រាប់យុវជន (Cybersecurity Youth Forum)” រួមទាំងការរៀបចំកិច្ចពិភាក្សាស្ដីពី សន្តិសុខសាយប័រនៅក្នុងយុគសម័យសង្គមអេឡិចត្រូនិក និងការបណ្ដុះទម្លាប់ក្នុងការរក្សាសុវត្ថិភាពតាមអនឡាញ ដែលបានរៀបចំឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានអ្នកចូលរួមជាង ៣០០នាក់។

សូមបញ្ជាក់ថា គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” មានរយៈពេល ១ខែ ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages