www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 15, 2026

ត្រាំ ព្រមានតៃវ៉ាន់ កុំឱ្យប្រកាសឯករាជ្យ៖ «ខ្ញុំមិនចង់ ត្រូវធ្វើដំណើរជាង ៩ ០០០ម៉ាយទៅវាយគ្នាទេ»



នៅក្នុងបទសម្ភាសន៍មួយ​កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ ជាមួយទូរទស្សន៍ Fox News ភ្លាមៗ បន្ទាប់ពីបានបញ្ចប់ជំនួបកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងប៉េកាំងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់កោះតៃវ៉ាន់ មិនឱ្យព្យាយាមប្រកាសឯករាជ្យនោះឡើយ។

លោក ត្រាំ បានបង្ហាញការសង្ស័យថា តើអាមេរិក គួរតែយកខ្លួនទៅប្រថុយនឹងជម្លោះយោធាដ៏ធំមួយ នៅចម្ងាយ​រាប់ពាន់គីឡូម៉ែត្រពីផ្ទះខ្លួនឯង ដើម្បីការពារកោះស្វយ័តមួយនេះដែរឬទេ។ សម្ដីនេះ បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំង ធៀបនឹងគោលនយោបាយមិនច្បាស់លាស់របស់អាមេរិកកាលពីពេលមុនៗ ដែលតែងតែធ្វើឱ្យគេទស្សន៍ទាយមិនត្រូវអំពីជំហរការពារតៃវ៉ាន់។

លោក ត្រាំ បានបញ្ជាក់ថា លោកមិនចង់ឃើញអ្នកណាម្នាក់ ប្រកាសឯករាជ្យនោះទេ ហើយលោកក៏បានដាស់តឿនទីក្រុងតៃប៉ិដែរថា កុំអាលគិតថា អាមេរិកនឹងនៅកាងពីក្រោយជានិច្ចឱ្យសោះ។ លោកបានបន្ថែមថា យើងមិនចង់ឱ្យអ្នកណាម្នាក់និយាយថា «តោះ! ពួកយើងប្រកាសឯករាជ្យទៅ ព្រោះអាមេរិកនៅខាងក្រោយយើងស្រាប់ហើយ» នោះទេ។ មិនតែប៉ុណ្ណោះ មេដឹកនាំអាមេរិករូបនេះ បានលើកឡើងពីផលវិបាកជាក់ស្ដែង ដោយរំលឹកពីចម្ងាយផ្លូវដ៏ឆ្ងាយរវាងអាមេរិកនិងតៃវ៉ាន់ ដោយលោកនិយាយថា «យើងត្រូវធ្វើដំណើររហូតដល់ទៅ ៩ ៥០០ម៉ាយ ដើម្បីទៅវាយក្នុងសង្រ្គាមមួយ ដែលលោកមិនចង់បានរឿងបែបហ្នឹងទាល់តែសោះ»។ លោកបានជំរុញ​ឱ្យភាគីទាំងសងខាងរក្សាភាពស្ងប់ស្ងាត់ និងរក្សាស្ថានភាពដដែលដូចបច្ចុប្បន្ន ព្រោះបើនៅដដែលបែបនេះ ចិនក៏មិនមានបញ្ហាអ្វីដែរ។

ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានសម្ពាធផ្ទាល់ពីលោក ស៊ី ជីនភីង នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនៅទីក្រុងប៉េកាំង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា លោក ស៊ី បានប្រាប់លោក ត្រាំ ចំៗថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុត នៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក។ ទីក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយមិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងកោះនេះឡើយ ខណៈដែលតៃវ៉ាន់ តែងតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន ដោយអះអាងថា មានតែប្រជាជនតៃវ៉ាន់ខ្លួនឯងប៉ុណ្ណោះ ដែលអាចសម្រេចវាសនារបស់ពួកគេបាន។ នៅក្នុងជំនួបនោះ លោក ស៊ី ក៏បានព្រមានដែរថា កំហុសឆ្គងណាមួយលើបញ្ហាតៃវ៉ាន់ អាចនឹងរុញច្រានមហាអំណាចសេដ្ឋកិច្ច និងយោធាដ៏ធំបំផុតទាំងពីរក្នុងលោកនេះ ឱ្យប្រឈមមុខដាក់គ្នាដោយផ្ទាល់តែម្ដង។

ជំនួបកំពូលនេះ ក៏បានធ្វើឱ្យកិច្ចព្រមព្រៀងលក់អាវុធធំមួយរបស់អាមេរិកទៅឱ្យតៃវ៉ាន់ ធ្លាក់ក្នុងភាពមិនច្បាស់លាស់ផងដែរ។ មុនពេលលោក ត្រាំ ធ្វើដំណើរទៅទីក្រុងប៉េកាំង រដ្ឋបាលរបស់លោក បានអនុម័តកញ្ចប់អាវុធការពារខ្លួន ដែលមានតម្លៃចន្លោះពី ១១ប៊ីលាន ទៅ ១៤ប៊ីលានដុល្លាររួចទៅហើយ។ ប៉ុន្តែបន្ទាប់ពីបានជជែកជាមួយលោក ស៊ី រួចមក លោក ត្រាំ បែរជាប្រាប់ថា កិច្ចព្រមព្រៀងនេះ កំពុងស្ថិតក្រោមការពិនិត្យឡើងវិញទៅវិញ។ លោកបានបញ្ជាក់ថា លោកមិនទាន់សន្យាថានឹងចាត់ការបែបណាឡើយ ហើយលោកនឹងធ្វើការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីបានពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់តៃវ៉ាន់រួចរាល់។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីតៃវ៉ាន់ បានព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងចេញមុខការពារជំហរសន្តិសុខរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ជៀឡុង បានថ្លែងថា ទីក្រុងតៃប៉ិ បានតាមដានជំនួបកំពូលនៅទីក្រុងប៉េកាំងយ៉ាងយកចិត្តទុកដាក់ ហើយលោកបានបដិសេធការលើកឡើងដែលថា តៃវ៉ាន់ជាអ្នកបង្កជម្លោះ។ លោកបានពណ៌នាតៃវ៉ាន់ថាជា «អ្នកការពារសន្តិភាព និងស្ថិរភាព» ទៅវិញទេ ហើយសម្ពាធយោធារបស់ចិនឯណោះទេ ដែលជាប្រភពចម្បងនៃហានិភ័យនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសតៃវ៉ាន់ ក៏បានថ្លែងអំណរគុណដល់ទីក្រុងវ៉ាស៊ីនតោន ដែលបានបន្តយកចិត្តទុកដាក់លើសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ មន្ត្រីតៃវ៉ាន់ បានលើកឡើងពីការធានាអះអាងឡើងវិញពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ ដែលបានបញ្ជាក់ថា គោលនយោបាយជាមូលដ្ឋានរបស់អាមេរិក ចំពោះតៃវ៉ាន់ គឺមិនមានអ្វីផ្លាស់ប្តូរឡើយ។ គួររំលឹកផងដែរថា នៅក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ អាមេរិកមានកាតព្វកិច្ចផ្តល់មធ្យោបាយដល់តៃវ៉ាន់ ដើម្បីរក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនដែលសន្យាជាផ្លូវការថា នឹងបញ្ជូនកងទ័ពទៅជួយវាយការពារកោះនេះផ្ទាល់នោះឡើយ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages