www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 7, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច «ក្រុម ឃ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយពិភាក្សាលើរបៀបវារៈចំនួន ៣

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច «ក្រុម ឃ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (ArnaudDarc) សហប្រធាន «ក្រុម ឃ» មកពីខាងផ្នែកឯកជន នៅថ្ងៃទី០៧ ខែតុលានេះ បានសហការដឹកនាំកិច្ចប្រជុំ «ក្រុម ឃ» ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជា ដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរ៉ែ និងថាមពល និងមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត សមាជិក សមាជិកានៃក្រុមកាងារ ទាំងផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន តំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដោយចូលរួមកិច្ចប្រជុំផ្ទាល់ ក៏ដូចជាកិច្ចប្រជុំពីចំងាយ (ZOOM) ។

កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន ៣៖ ទី១. ការស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ទី២. ពន្ធលើការនាំចេញនៃការប្រមូលរ៉ែទង់ដែង,និង ទី៣. អត្រាការប្រាក់ចំពោះការកំណត់ពន្ធឡើងវិញ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ទាំងខាង រាជរដ្ឋាភិបាល ពិសេស អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាខាងវិស័យឯកជន ដែលកន្លងមក បានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើរបៀបវារៈទាំង ៣ខាងលើ ។

ឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន ចំពោះការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកស្ទួយសេដ្ឋកិច្ចជាកញ្ចប់ ដូចជា វិធានការសារពើពន្ធ, ការគាំពារសង្គមដើម្បីរក្សាលំនឹងជីវភាពប្រជាជន, ការបណ្តុះបណ្តាលជំនាញ, ការគ្រប់គ្រងបំណុលឯកជន, និង ការកែទម្រង់រចនាសម្ព័ន្ធជាដើម ។

ជាមួយនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងពិនិត្យលើសំណូមពររបស់វិស័យឯកជន បន្ថែមទៀតចំពោះវិធានការ ឬ កិច្ចអន្តរាគមន៍នានា ដើម្បីលើកស្ទួយសេដ្ឋកិច្ច រួមជាមួយនឹងការធានាប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន និងត្រូវរក្សាឧត្តមានុវត្តន៍ល្អក្នុងការគ្រប់គ្រងបំណុលសាធារណៈនៅកម្ពុជា ។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមការងារនៃវិស័យឯកជន ត្រូវបន្តសហការពិភាក្សា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ប្រកបដោយស្មារតីឈ្នះ-ឈ្នះ។

ចំពោះបញ្ហាពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, បន្ទាប់ពីកិច្ចពិភាក្សា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យមានការសិក្សាឲ្យបានស៊ីជម្រៅ ទាំងក្នុងកម្រិតគោលនយោបាយ ផែនការ និងទាំងបច្ចេកទេស លើគ្រប់ទិដ្ឋភាពពាក់ព័ន្ធនឹងការប្រមូលរ៉ែទង់ដែង មុននឹងដាក់ចេញនូវវិធានការជាក់លាក់ និងច្បាស់លាស់ សម្រាប់អនុវត្ត៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages