www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, October 3, 2024

លោក ឃួង ស្រេង ជួបពិភាក្សាជាមួយអគ្គប្រតិភូ AIMF អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ

(ប៉ារីស)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF) អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ។

បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនោះ លោកអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង នាពេលនេះ។

ជាមួយគ្នានេះដែរ លោកក៏បានលេីកឡេីង អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោងពីមុន រវាងរដ្ឋបាលរាជធានីភ្នំពេញ និង AIMF។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអគ្គប្រតិភូ ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី១០៣ នៅទីក្រុងវ៉េ (Hué) សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជាកិច្ចឆ្លេីយតប លោក ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះលោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។

លោកអភិបាលរាជធានីក៏បានថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញ តាមរយៈគម្រោងនានាកន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញ បន្តជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងគាំទ្រ ជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។

លោកស្រីបញ្ជាក់ទៀតថា ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉េ ប្រទេសវៀតណាម លោកអភិបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages