www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, June 10, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកំពត ទាំង២៥រូប អាណត្តិទី៤


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត ទាំង២៥រូប អាណត្តិទី៤ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា នាអាណត្តិទី៣កន្លងមក ក្រុមប្រឹក្សាខេត្ត បានរួមសហការជាមួយគណៈអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ និងជិតស្និតបំផុត ដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ នៅក្នុងអាណត្តិទី៤នេះ រដ្ឋបាលខេត្ត នឹងបន្តខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាខេត្តឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្តទៀត ក្នុងន័យរួមគ្នាដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរក្រុមប្រឹក្សាខេត្តកំពតទាំង២៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤  ហើយត្រូវបានប្រកាសចូលកាន់តំណែងនាពេលនេះ។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តកំពត ដែលបានជួយសម្របសម្រួលធ្វើឱ្យដំណើរការ នៃការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តបានទៅដោយរលូន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានដាក់ចេញនូវគោលការណ៍បីចំណុចសំខាន់ៗសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានអនុវត្តន៍ រួមមាន៖

*ទី១៖ កិច្ចការអភិបាលកិច្ចល្អ គឺការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

*ទី២៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ និងបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋបំផុត។

*ទី៣៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ គឺធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។  ហើយដើម្បីសម្រេចនូវចំណុចទាំង៣នេះ តម្រូវឲ្យមានការចូលរួមរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងសហការល្អ រវាងក្រុមប្រឹក្សា និងគណៈអភិបាលគ្រប់លំដាប់ថា្នក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ សំដៅឱ្យកម្ពុជាមានឯករាជ្យភាព ផ្នែកនយោបាយ និងសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យផ្ដោតលើកិច្ចការងារដែលត្រូវធ្វើចំពោះមុខ គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់អំពីរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដោយត្រូវរួមកម្លាំងគ្នា ប្រកួតប្រជែងជាមួយតំបន់របៀងសេដ្ឋកិច្ចដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៤ ត្រូវជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ និងសហការជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាជននៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages