www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, November 10, 2023

រដ្ឋមន្ត្រីសុខាភិបាល ផ្តល់អនុសាសន៍តម្រង់ទិស និងលើកទឹកចិត្តដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ខិតខំក្រេបជញ្ជក់នូវបទពិសោធន៍ ពិសេសការកសាងមិត្តភាព

 

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានមកជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំតម្រង់ទិស ពីក្រសួងសុខាភិបាល មុននឹងគណៈប្រតិភូសមាគមទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអបអរសាទរ ដល់យុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ "The Ship for Southeast Asian and Japanese Youth Program- SSEAYP” ដែលប្រតិភូយុវជនមកពីបណ្តាប្រទេសផ្សេងៗនឹងរួមគ្នា ក្នុងសកម្មភាពជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើ ប្រធានបទផ្សេងទាក់ទងនឹង ការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន និងអាស៊ាន។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រតិភូយុវជន ឱ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ដូចជា៖ ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការធ្វើការងារ និងរស់នៅជាក្រុម ការកសាងនូវបណ្តាញទំនាក់ទំនង និងការជំរុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកសាស្ត្រចារ្យរដ្ឋមន្ត្រីក៏បានជំរុញដល់ប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូ​ចជា៖
* បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង
* ការប្រយុទ្ធនឹងជំងឺឆ្លង
* ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ
* ការទប់ស្កាត់ជំងឺមិនឆ្លង
* ការទប់ស្កាត់ និង បង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ
* ការធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ ជាពិសេសមណ្ឌលសុខភាព
* លើកកម្ពស់គុណភាពការថែទាំសុខភាពនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងភាពជាអ្នកដឹកនាំនវានុវត្តន៍
* ការធ្វើនិយ័តកម្មលើសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន
* ការអភិវឌ្ឍន៍សុខភាពឌីជីថល (Digital Health)។

ជាងនេះទៅទៀតលោកសាស្ត្រចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជនទាំងអស់ ត្រូវរៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេស ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តភាពឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។

ជាមួយគ្នានោះ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនលោករដ្ឋមន្ត្រីថា «កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៧៤ ទី១-រឹតចំណងមិត្តភាព និងបង្កើនការយោគយល់គ្នារវាងយុវជនអាស៊ាននិងជប៉ុន ទី២-ពង្រីកទស្សនៈនិងចំណេះដឹងអំពីសកលលោក ឲ្យកាន់តែច្បាស់និងស៊ីជម្រៅ; និងទី៣-ពង្រឹងសមត្ថភាពសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅបង្កើតអ្នកដឹកនាំវ័យក្មេង ដែលពោរពេញដោយសមត្ថភាព ឆន្ទៈទទួលខុសត្រូវ  និងការប្តេជ្ញាចិត្តខ្ពស់»។

មកទល់ពេលនេះ យុវជនអាស៊ាននិងជប៉ុន ដែលបានចូលរួមកម្មវិធីនេះ មានចំនួនជាង១២,០០០នាក់ ដែលយុវជនកម្ពុជា ដែលចូលរួមកម្មវិធីនេះពេញសិទ្ធិក្នុងឆ្នាំ២០០០ មានចំនួន៦០០នាក់ ដែលបានក្លាយជាសមាជិក នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា។ ភាគច្រើននៃយុវជនដែលបានចូលរួមបាននិងកំពុងក្លាយជាថ្នាក់ដឹកនាំជំនាន់ថ្មី ក្នុងតួនាទីសំខាន់ៗទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន។      
លោក ហោ សំណាង បន្ដថ្លែងបន្ដថា ក្នុងឆ្នាំ២០២៣នេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ផ្តោតលើប្រធានបទស្នូល «កាតព្វកិច្ច និងតួនាទីយុវជន ក្នុងកិច្ចសហប្រតិបត្តិការ នាយុគសម័យនេះ ដើម្បីប្រារព្ធខួបទី៥០នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន»។ យុវជននឹងត្រូវចូលរួមកិច្ចពិភាក្សាជាក្រុម និងកម្មវិធីផ្សេងទៀតជាច្រើន ដែលជាឱកាសអភិវឌ្ឍចំណេះដឹងនិងបទពិសោធដ៏ប្រសើរមួយ។

សូមជម្រាបថា ក្នុងឱកាសទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី ក៏បានជូនពរក្រុមនាវាយុវជនទាំងអស់ទទួលបាននូវជោគជ័យ ក្នុងកម្មវិធីនាវាយុវជននាពេលឆាប់ៗខាងមុខនេះ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages