www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, October 9, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា សុវត្ថិភាពនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល ជាកិច្ចការអាទិភាពនិងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល

 សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា សុវត្ថិភាពនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល ជាកិច្ចការអាទិភាពនិងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល 

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាថា សុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល គឺជាកិច្ចការអាទិភាពដ៏ធំបំផុត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។

រហូតមកទល់ពេលនេះ និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពទាំងអស់គ្នា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។

ការប្រកាសបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូច្នេះថា៖ «សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង នៅប្រទេសអ៉ីស្រាអែល ជាពិសេសនិស្សិតរបស់យើង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល»។

ចំពោះករណីនេះ សម្តេចធិប​តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការជាប់ជាប្រចាំទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅទីនោះទទួលបានការការពារ និងមានសុវត្ថិភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស សម្តេចបានដាក់គោលការណ៍ឱ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ធ្វើយ៉ាងកំណត់ឱ្យបានចំនួនប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ដើម្បីប្រមូលឱ្យបានច្បាស់នូវព័ត៌មានរបស់ពួកគាត់ ក្នុងការផ្តល់ភាពងាយស្រួលអន្តរាគមន៍ជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គិតមកព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីពាក់ព័ន្ធរបស់កម្ពុជា បានក្តាប់នូវព័ត៌មាន ទីតាំងស្នាក់នៅ សាលារៀន ព្រមទាំងចំនួនជាក់លាក់គឺមានចំនួន ៤៥៤នាក់ ក្នុងនោះបានជម្លៀសចេញ ៣២៣នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព និងមានចំ​នួន១៣១នាក់ទៀត កំពុងនៅក្នុងតំបន់មានហានិភ័យនៅឡើយ។ ប៉ុន្តែ ករណីនេះមន្ត្រីកម្ពុជា បាននឹងបន្តសហការជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធ្វើយ៉ាងណាជម្លៀសពួកគាត់មកកាន់កន្លែងមានសុវត្ថិភាព។

សូមបញ្ជាក់ជូនថា មានប្រជាពលរដ្ឋខ្មែរ និងនិស្សិតដែលកំពុងធ្វើការ និងសិក្សានៅប្រទេសអ៉ីស្រាអែលសរុបប្រមាណជា ៤៥០នាក់ ក្នុងនោះមាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានទទួលមរណភាពកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។ ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមានសុវត្ថិភាពទាំងអស់។

រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដោយទទូចសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល គោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹងក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំ ពីរាជរដ្ឋាភិបាល ដោយសហការយ៉ាងល្អជាមួយរដ្ឋាភិបាល អ៉ីស្រាអែល៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages