www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 1, 2023

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីឯកសណ្ឋាន និងសញ្ញាសក្តិមន្រ្តីពន្ធនាគារ


ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។

សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ​ និងអ្នកពាក់ព័ន្ធទាំងអស់ ដែល​បានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ​ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា ​និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។

បើយោងតាម ​មាត្រា៣នៃសេចក្ដីព្រាងអនុក្រឹត្យ ចែងថា ​ឯកសណ្ឋានមន្រ្តីពន្ធនាគារ សម្រាប់​ប្រើប្រាស់​មាន៦ប្រភេទ រួមមាន ឯកសណ្ឋានធំលេខ១ ​សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធី និង​ពិធីបុណ្យជាតិ, ឯកសណ្ឋានធំលេខ២ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីផ្លូវការនានា ​និងទទួលភ្ញៀវជាតិ និងអន្តរជាតិ, ឯកសណ្ឋានការងារលេខ៣ ​សម្រាប់​ប្រើប្រាស់​ក្នុងកម្មវិធី​មីទ្ទិញ​ សិក្ខាសាលា សន្និបាត​នានា ​និងបំពេញការងារប្រចាំថ្ងៃ។

មាត្រាដដែលចែងទៀតថា សម្រាប់ឯកសណ្ឋានការងារលេខ៤ (អាវដៃវែង) សម្រាប់​ប្រើប្រាស់​ក្នុង​ពេលបំពេញការងារប្រចាំថ្ងៃ,ឯកសណ្ឋានការងារលេខ៥ (អាវដៃខ្លី) សម្រាប់​ប្រើប្រាស់ក្នុងពេល​បំពេញ​ការងារប្រចាំថ្ងៃ ​និងឯកសណ្ឋានលេខ៦ ​សម្រាប់​ប្រើប្រាស់ក្នុងប្រតិបត្តិការ​ សន្តិសុខ និងសុវត្ថិភាព។ មាត្រាបានចែងថា រូបភាព ម៉ូត ទំហំខ្នាត ពណ៌ និងរបៀបប្រើប្រាស់​ឯកសណ្ឋាន​តាម​ប្រភេទនីមួយៗ ត្រូវកំណត់​ដោយប្រកាស​របស់មន្រ្តីក្រសួងមហាផ្ទៃ។

បើតាមការធ្វើ​របាយការណ៍​ឯកឧត្តម ប៊ុន ហុន ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូនដល់​សម្ដេចក្រឡា​ហោម និងអង្គប្រជុំស្របតាមមាត្រាទី៨នៃច្បាប់​ ស្ដីពីពន្ធនាគារ ​ដោយក្រសួងមហាផ្ទៃចែកថា​មន្ដ្រីពន្ធនាគារ ត្រូវមានឯកសណ្ឋាន ​សញ្ញាសក្តិ គ្រឿងបំពាក់ ​ឧបករណ៍ និងសម្ភារ ឱ្យសមស្រប។ ឯកឧត្តម បន្ថែមថា ព្រោះហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលចេញអនុក្រឹត្យ ​ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ​ហើយក្រសួងមហាផ្ទៃ ក៏បានចេញ​សេចក្ដី​ប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ ​និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ​ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៕អត្ថបទ៖ បាន ចក់



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages