www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, August 24, 2023

រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន

 រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងលើកដំបូង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំដែលផ្សព្វផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់​ថា ឈរលើមនសិការ និងឆន្ទៈមោះមុតក្នុងការការពារ​អធិបតេយ្យ និងបូរណភាពទឹកដី ផ្សារ​ភ្ជាប់ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម រាជរដ្ឋាភិបាលនីតិ​កាល​ទី៧ នៃរដ្ឋសភា នៅតែបន្តផ្ដល់តម្លៃកិច្ចការព្រំដែន ជាកិច្ចការដ៏មានសារៈសំខាន់ ជាអាយុជីវិត​របស់ជាតិ និងជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុត និង​ដោយ​ប្រកាន់​ខ្ជាប់ឥតងាករេនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានបន្តថា ឈរលើស្មារតីខាងលើនេះ រាជរដ្ឋាភិបាលសម្រេច​បង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុង​គោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធ​គ្រប់​គ្រង និងសមត្ថកិច្ចពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្ម​ក្នុងការដោះ​ស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ ព្រម​ទាំង​ការអភិវឌ្ឍតំបន់ព្រំដែន ទុកជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណ​ភាពទឹកដី និងលើកស្ទួយការថែរក្សា សមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល​កម្ពុជាស​ម្រេចបាន ក្រោមការដឹកនាំ និងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យឋិតថេរ គង់វង្ស យូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរ គ្រប់ជំនាន់ សំដៅថែរក្សាសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ព្រំដែន។

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរៀបចំឡើង​ចំនួន​៨មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សូមបញ្ជាក់ថា លោក ឡាំ ជា ទទួលបានការទុកព្រះទ័យពីព្រះមហាក្សត្រ ទទួលបានការទុកចិត្តពីរដ្ឋសភា និងរាជរដ្ឋាភិបាល ឱ្យកាន់ការជារដ្ឋមន្ត្រីទទួលបន្ទុក «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ដែលទើបបង្កើតថ្មីនេះ៕

 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages