www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, October 5, 2022

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំណត់ «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះបានថ្លែងថា គ្រប់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិងជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាប ឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។​

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នាសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាលរួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ "មនុស្ស" ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ "មនុស្ស" ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ»។

សម្តេចតេជោបន្ថែមទៀតថា ជាក់ស្តែង កម្ពុជាបានបង្កើតការងារ ជូនប្រជាជនរាប់លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា៥៣.២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧.៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២០។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥។

រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេច បាននូវចក្ខុវិស័យទាំងនេះ អាចជួបប្រទះនឹងការរាំងស្ទះ។ ជាការពិតនៅក្នុងឆ្នាំ២០២០ ជំងឺដ៏កាចសាហាវនេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែលជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង២ទសវត្សរ៍ ចុងក្រោយនេះ។

ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស។

សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជា បើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយសុវត្ថិភាព រហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗ ប្រកបដោយភាពធន់ និងរឹងមាំ។ ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមានក្នុងអត្រា៣% នៅក្នុងឆ្នាំ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា៥% នៅក្នុងឆ្នាំ២០២២ និង៦% នៅក្នុងឆ្នាំ២០២៣៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages