www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, October 12, 2022

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ដើមខែតុលាទទួលបានភ្ញៀវជាង៣៧ម៉ឺននាក់ ផ្លូវល្បឿនលឿនទាក់ទាញភ្ញៀវទៅព្រះសីហនុច្រើនដាច់គេ

(ភ្នំពេញ)៖ ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានចំនួនសរុប៣៧៤,៨៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២,៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២,០១១នាក់។ នេះបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មក នាថ្ងៃទី១២ ខែតុលានេះ។

តួលេខខាងលើមានការកើនឡើង២៤.៨% ប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨,៣០៧នាក់។ គួរជម្រាបថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ពិសេសការរៀបចំឆ្នេរខ្សាច់កម្សាន្ត និងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ក្រៅពីនេះមានគោលដៅខេត្តបាត់ដំបង៨៨,៨៦៨នាក់ ខេត្តកំពង់ចាម៤៧,៤៥៨នាក់ ខេត្តសៀមរាប២៣,៦៦៥នាក់ រាជធានីភ្នំពេញ១៧,០៤៥នាក់ និងខេត្តកំពត១៤,៤១៦នាក់។ រាជធានី-ខេត្តទាំង៦នេះសុទ្ធតែជាគោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ នាសប្ដាហ៍ដើមខែតុលាឆ្នាំ២០២២នេះ។

ឯកឧត្តមបានបន្តថា អនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល បណ្តាខេត្តមួយចំនួនដែលនៅជាប់បណ្តោយដងទន្លេបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្នុងខេត្ត ហើយខេត្តខ្លះទៀតបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍នេះទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។

ជាក់ស្តែង កាលពីថ្ងៃទី៩-១០ ខែតុលានេះ ខេត្តបាត់ដំបងបានប្រារព្ធពិធីបុណ្យអុំទូកចេញព្រះវស្សានៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង អមជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយមួយចំនួនទៀត ដែលបាទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តជិតខាងឱ្យទៅកម្សាន្តជាច្រើនផងដែរ។

ទន្ទឹមនឹងនេះ បណ្តារដ្ឋបាលរាជធានី-ខេត្ត និងគណៈបញ្ជាកាឯកភាពបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពទឹកជំនន់ក្នុងមូលដ្ឋានខ្លួន ការចុះចែកស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះ រួមជាមួយការដាក់ចេញវិធានការសង្គ្រោះក្នុងករណីបន្ទាន់ផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages