www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, September 24, 2026

មហាសន្និបាត UN លើកនេះ ក្លាយជាវេទិកាក្តៅគគុក ដែលមេដឹកនាំពិភពលោក បញ្ឆេះសង្គ្រាមពាក្យសម្តីដាក់គ្នា



ខុសពីឆ្នាំមុនៗ មហាសន្និបាតអង្គការសហប្រជាជាតិ លើកនេះ បែរជាពោរពេញដោយសង្គ្រាមពាក្យសម្តី យ៉ាងក្តៅគគុកពីសំណាក់មេដឹកនាំប្រទេសនានា ដែលមិនមែនជាវេទិកាអន្តរជាតិ ដើម្បីដោះស្រាយបញ្ហា ជូនប្រទេសតូចៗ ទៀតនោះទេ។

បញ្ហាមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមអ៊ីរ៉ង់ បានក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងអង្គប្រជុំលើកទី៨១នេះ។ មុនគេ គឺប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែម្តង ដែលចាប់បើកក្បាលដំបូង លោកបានវាយប្រហារចំៗ ដាក់អ៊ីរ៉ង់ ជាមួយការគំរាមខ្លាំងៗ ថា នឹងកម្ទេច ប្រទេសនេះ ឱ្យវិនាសសាបសូន្យ។

ប្រមុខសេតវិមានលើកឡើងថា លោកកំពុងប្រឈមនឹងការសម្រេចចិត្តដ៏ធំមួយ ហើយលោកព្យាករណ៍ថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេហេរ៉ង់ ប្រហែលមិនអាចកើតឡើងបានឡើយ រហូតទាល់តែក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក ខែវិច្ឆិកាឯណោះ។ ដូច្នេះ បើការចរចាបរាជ័យ ប្រទេសអ៊ីរ៉ង់ ប្រហែលជានឹងត្រូវកម្ទេច ឱ្យវិនាសសាបសូន្យតែម្តង។

ទន្ទឹមនោះ លោកក៏អំពាវនាវដល់បណ្តាប្រទេសផ្សេងទៀត ឱ្យចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តវិធានការ «កាត់ផ្តាច់សេដ្ឋកិច្ចទាំងស្រុង» ប្រឆាំងនឹងអ៊ីរ៉ង់ដែរ រហូតទាល់តែរដ្ឋាភិបាលក្រុងតេហេរ៉ង់ ព្រមតាមលក្ខខណ្ឌរបស់ក្រុងវ៉ាស៊ីនតោន។

ក្រោយមក លោកបានបង្វែរមុខព្រួញទៅអង្គការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយហៅស្ថាប័នយុត្តិធម៌មួយនេះថា «ស្ថាប័នពាល ពោរពេញដោយក្រុមមនុស្ស មានបំណងអាក្រក់» និងថា ស្ថាប័ននេះ គ្រប់គ្រងលែងបានហើយ ថែមទាំងអំពាវនាវដល់បណ្តាប្រទេសជាសមាជិក ឱ្យដកខ្លួនចេញពីស្ថាប័ននេះ ជាបន្ទាន់។

ចំណែក ជប៉ុន! លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi ព្រមានថា សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងអភិវឌ្ឍរបស់កូរ៉េខាងជើង កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកស្រីអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង របស់ប្រទេសនេះ ស្របតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ UN។

ងាកទៅមេដឹកនាំបារាំងវិញ លោកប្រធានាធិបតី Emmanuel Macron អំពាវនាវឱ្យបណ្តាប្រទេសនានា បង្ហាញការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងប្រព័ន្ធច្បាប់របស់ UN ឡើងវិញ ចំពេលប្រទេសជាច្រើន កំពុងប្រើប្រាស់ច្បាប់ព្រៃ ដើម្បីដោះស្រាយជម្លោះ។

មិនត្រឹមប៉ុណ្ណឹង លោក ថែមទាំងរិះគន់យ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យផ្អាក ការវាយប្រហារបណ្ដោះអាសន្នលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរវាងអ៊ុយក្រែន និងរុស្ស៊ី ថែមទៀតផង។

ទៅមើលអង់គ្លេស! លោកនាយករដ្ឋមន្ត្រី Andy Burnham បានប្រតិកម្មទៅអ៊ីស្រាអែល ដោយបន្ទោសថា លោក Benjamin Netanyahu មិនអាចយកលេស ការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើសង្គ្រាមដ៏ឃោរឃៅ នៅតំបន់ហ្គាហ្សា និងវ៉េសបេង បានទេ។

លោកបន្ទោសអ៊ីស្រាអែល ដោយប្រើពាក្យពេចន៍ខ្លាំងៗថា៖ «ការវាយប្រហារនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស គឺមិនអាចយកមកធ្វើជាហតុផលត្រឹមត្រូវ សម្រាប់សកម្មភាពរបស់រដ្ឋាភិបាល អ៊ីស្រាអែល នៅហ្គាហ្សា ឬ វ៉េសបេង  បានឡើយ។ មានប្រជាជន ដ៏ច្រើនលើសលប់ បានបាត់បង់ជីវិត រួមទាំងកុមារជាច្រើនរូបផងដែរ។ ចក្រភពអង់គ្លេស នឹងមិននៅស្ងៀមឈរមើលឡើយ ព្រោះប្រជាជនស៊ីវិល  កំពុងឈឺចាប់ពេញទឹកពេញដី»។

ក្រោយមក ដល់វេនអ៊ុយក្រែនម្តង! ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកយកបញ្ហាសង្គ្រាមក្នុងប្រទេសរុស្ស៊ីខ្លួន និងសំដៅមុខព្រួញទៅប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ដោយអះអាងថា រុស្ស៊ី ចាយជីវិតទ័ពអស់ ២៤៨នាក់ រាល់ដីមួយគីឡូម៉ែត្រ ដែលដណ្តើមយកបានពីអ៊ុយក្រែន។

តាមសម្តីលោកហ្សេលេនស្គី កាលពីថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦, តាំងពីខែមករា ដល់ខែសីហាឆ្នាំនេះ រុស្ស៊ី ស្លាប់ទាហានអស់ ២៤៨ ៩៦៤នាក់ ប៉ុន្តែដណ្តើមបានដីអ៊ុយក្រែន ជាង ១ ០០០គីឡូម៉ែត្រការ៉េ។ បើចង់វាយយកដី ១គីឡូម៉ែត្រទៀត លោកពូទីន ត្រូវចំណាយទ័ព ២៤៨នាក់។

នៅថ្ងៃបន្ទាប់ ដល់វេនអ៊ីរ៉ង់ វិញម្តង! ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានវាយបកទៅប្រមុខលោក ត្រាំ ដែលហៅទីក្រុងតេហេរ៉ង់ ថា ជាអ្នកគាំទ្រភេរវកម្ម ដោយលោកឆ្លើយតបទៅវិញថា អ្នកដែលជាភេរវករខ្លួនឯងសោះ បែរជាប្រើពាក្យនេះ មកហៅយើងទៅវិញ។

អមនឹងការនិយាយនោះ លោក Pezeshkian ថែមទាំងបង្ហាញរូបថត អតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលលោកអះអាងថា ត្រូវបានធ្វើឃាតដោយគ្មានក្របខ័ណ្ឌច្បាប់ ក្នុងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈកន្លងទៅ ផងដែរ។

ក្រោយមកទៀត លោក Pezeshkian បានលើកបង្ហាញរូបថត កុមារជាច្រើននាក់ ដែលបាត់បង់ជីវិត ក្នុងការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែល នៅសាលារៀន Minab និងមជ្ឈមណ្ឌលកីឡាក្នុងទីក្រុង Lamerd ដោយបញ្ជាក់ច្បាស់ៗថា អ៊ីរ៉ង់ គឺជាជនរងគ្រោះនៃអំពើភេរវកម្ម ហើយក្នុងរយៈពេល២០០ឆ្នាំមកនេះ អ៊ីរ៉ង់មិនដែល វាយប្រហារប្រទេសណាផ្សេងមុនឡើយ។ អ៊ីរ៉ង់ គ្រាន់តែការពារខ្លួន ហើយមិនព្រមលុតជង្គង់ ឬឱនក្បាលចំពោះសម្ពាធណាមួយ ដាច់ខាត។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ីរ៉ង់ បានថ្កោលទោសអ៊ីស្រាអែល ចំពោះអ្វីដែលលោកហៅថាជា «អំពើប្រល័យពូជសាសន៍» នៅតំបន់ហ្គាហ្សា ដែលផ្តាច់ជីវិតជនស៊ីវិលរាប់ម៉ឺននាក់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages