www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, September 16, 2026

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU)

 


អនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវិស័យគយ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ កិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៧ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារសុខា រីស៊ត ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលគណៈប្រតិភូគយកម្ពុជាដឹកនាំដោយ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស និង​លោកបណ្ឌិត សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ និងគណៈប្រតិភូគយវៀតណាម ដឹកនាំដោយ លោក Vu Quang Toan ប្រធាននាយកដ្ឋានប្រឆាំងអំពើរត់គេចពន្ធនិងស៊ើបអង្កេតបទល្មើសគយ (Anti-smuggling and Investigation Branch) នៃរដ្ឋបាលគយវៀតណាម។


ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត សង់ ស៊ីណាវិទ្យ បានស្វាគមន៍គណៈប្រតិភូ​គយកម្ពុជា និងគយវៀតណាម ​ដែលបាន​ចំណាយពេលវេលាដ៏មានសារៈសំខាន់ជួបប្រជុំគ្នា ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការគយព្រំដែនរវាងប្រទេសទាំង ២ និង​សង្ឃឹមថាកិច្ចប្រជុំនេះនឹងទទួលបាននូវលទ្ធផលជាផ្លែផ្កា។ ជាមួយគ្នានេះ លោកក៏សង្ឃឹមថាគណៈប្រតិភូគយវៀតណាមនឹងស្នាក់នៅក្នុងប្រទេសកម្ពុជា​ដោយក្តីសោមនស្សរីករាយ។

លោក នូ ស៊ីថា និងលោក Vu Quang Toan បានដឹកនាំកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម និងសកម្មភាពខុសច្បាប់ឆ្លងដែនផ្សេងទៀត ព្រមទាំងពិភាក្សាអំពីវិធានការនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើការត្រួតពិនិត្យគយ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះមានដូចខាងក្រោម៖

១.​បន្តពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងកិច្ចព្រមព្រៀងនានារបស់ថ្នាក់ដឹកនាំរដ្ឋបាលគយទាំងពីរដែលបានឯកភាពគ្នា។

២.​បន្តគាំទ្រការអនុវត្តប្រតិបត្តិការរួមគ្នា «Mekong Dragon» ដែលផ្តួចផ្តើមឡើងដោយរដ្ឋបាលគយវៀតណាម និងរដ្ឋបាលគយចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងសត្វព្រៃខុសច្បាប់។

៣.​បន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព រវាងភាគីទាំងពីរ និងធ្វើបច្ចុប្បន្នភាពចំណុចទំនាក់ទំនង (Contact Points) ជាប្រចាំ។

៤.​បន្តពង្រឹងកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគយឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសអំពើរត់ពន្ធទំនិញឆ្លងកាត់ (Transit) ពីប្រទេសទី៣ តាមតំបន់ព្រំដែន ដោយអនុវត្តវិធានការសមស្របអនុលោមតាមច្បាប់នៃប្រទេសនីមួយៗ និងកិច្ចព្រមព្រៀងអន្តរជាតិ។

៥.​បន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជា-ពលរដ្ឋរស់នៅតាមព្រំដែន និងអាជីវករ អំពីផលប៉ះពាល់នៃការរត់ពន្ធ ការបន្លំពាណិជ្ជកម្ម និងបទល្មើសគ្រឿងញៀនដល់សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចកន្លងមក និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមានសារៈសំខាន់ ដែលនឹងក្លាយជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែប្រសើរ ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួន។


















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages