នៅថ្ងៃទី១៨ ខែកញ្ញា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក រៀម រុំ មេឃុំព្រែកខ្សាច់ និងបក្ខពួក ២នាក់ទៀត ក្រោយសង្ស័យថា បានទទួលសំណូកពីជនជាតិចិនប្រមាណ ៨០០០ពាន់ដុល្លារ និងបានរៀបចំទីតាំងដីរបស់ខ្លួនធ្វើជាកន្លែងឆបោកអនឡាញ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យការ បុគ្គលទាំង ៣នាក់នេះកំពុងរងបទចោទម្នាក់ៗ ៣បទល្មើស ខណៈជនជាតិចិនដែលផ្តល់សំណូក រួមនឹងបក្ខពួកផ្សេងទៀតនោះ កំពុងរត់គេចខ្លួន។ គួរជម្រាបថា កម្លាំងរបស់អង្គភាពប្រឆាំងអំពើពុករលួយជាអ្នកចាប់ខ្លួន មេឃុំព្រែកខ្សាច់ និងបក្ខពួក។
យោងតាមលិខិតចុះថ្ងៃទី១៨ ខែកញ្ញា របស់អយ្យការអមសាលាដំបូង មេឃុំ និងបក្សពួកត្រូវបានចោទប្រកាន់ម្នាក់ៗ៣បទល្មើស។ មេឃុំព្រែកខ្សាច់ក្នុងខេត្តកោះកុង គឺ លោក រៀម រុំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ពីបទស៊ីសំណូក សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកអនឡាញ និងលាងលុយកខ្វក់។ ចំណែក ឈ្មោះ ជា វាសនា និងឈ្មោះ ជា សុទ្ធ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើស៊ីសំណូក សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកអនឡាញ និងសមគំនិតក្នុងអំពើសម្អាតប្រាក់។ តំណាងអយ្យការមិនបានបញ្ជាក់អំពីតួនាទី ឬមានឋានៈរបស់បុគ្គលសង្ស័យទាំងពីរនាក់ខាងលើនេះទេ។
ដោយឡែក ជនជាតិចិនដែលផ្តល់សំណូកឱ្យមេឃុំព្រែកខ្សាច់ក្នុងទឹកប្រាក់ ៨០៥០ដុល្លារ ជាថ្នូរនឹងការជួយរំដោះខ្លួន និងបក្ខពួកមិនឱ្យសមត្ថកិច្ចចាប់ខ្លួនបាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ចំនួន ៣បទល្មើស ដូចមេឃុំព្រែកខ្សាច់ លោក រៀម រុំដែរ។ តែយ៉ាងណា ជនជាតិចិនខាងលើដែលមានឈ្មោះថា ចាង ចៀនឈាំង និងបក្ខពួក កំពុងរត់គេចខ្លួន។
នៅរសៀលថ្ងៃទី១៩ ខែកញ្ញានេះ លោក ឈិន រតនៈ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានអះអាងថា រដ្ឋបាលខេត្តបានទទួលដំណឹងពីអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងនឹងការចាប់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ និងបុគ្គល ២នាក់ផ្សេងទៀត ម្នាក់ឈ្មោះ ជា វាសនា និងម្នាក់ទៀតឈ្មោះ ជា សុទ្ធ។ ក៏ប៉ុន្តែលោក ឈិន រតនៈអះអាងថា គិតត្រឹមពេលនេះ រដ្ឋបាលខេត្តកោះកុង ពុំទាន់ទទួលបានព័ត៌មានអ្វីបន្ថែមឡើយ។
ការឈានដល់ដំណាក់កាលចាប់ខ្លួន និងចោទប្រកាន់ មេឃុំព្រែកខ្សាច់ និងបក្ខពួក២នាក់នោះ គឺធ្វើឡើងក្រោយ អភិបាលស្រុកគិរីសាគរនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាប និងបិទទីតាំងអនឡាញនៅលើដីរបស់មេឃុំរូបនោះ។ ក៏ប៉ុន្តែសមត្ថកិច្ចពុំអាចចាប់ខ្លួនក្រុមឆបោកអនឡាញណាម្នាក់បានឡើយ ដោយហេតុថា លោក រៀម រុំ និងបក្ខពួកបានជម្លៀសក្រុមឆបោកអនឡាញប្រមាណ ៣០នាក់ឱ្យចេញផុតពីទីតាំងរបស់ខ្លួន។ ជាថ្នូរនឹងការជួយជម្លៀស ក្រុមឆបោកអនឡាញបានផ្តល់ប្រាក់ចំនួន ៨០៥០ដុល្លារ ទៅឱ្យលោកមេឃុំព្រែកខ្សាច់។ នេះបើតាមការបញ្ជាក់របស់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទៅកាន់សារព័ត៌មានក្នុងស្រុក។
គួរជម្រាបថា ក្រោយពីរដ្ឋាភិបាលបើកប្រតិបត្តិការបង្ក្រាបអំពើឆបោកអនឡាញ មន្ត្រីក្នុងជួររដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថា បានជាប់ពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ។ នៅក្នុងករណីកន្លងមក មន្ត្រីខ្លះបានលួចផ្តល់សន្លឹកទិដ្ឋាការដល់ក្រុមឆបោកអនឡាញ មន្ត្រីខ្លះផ្តល់ទីតាំង ឬជួលដីឱ្យក្រុមឆបោកអនឡាញធ្វើប្រតិបត្តិការ និងមន្ត្រីមួយចំនួនទៀតទទួលសំណូកពីក្រុមឆបោកអនឡាញដើម្បីបិទបាំងព័ត៌មានជាដើម៕

No comments:
Post a Comment