លោកបានអះអាងថា នៅពីរថ្ងៃមុនចេញផ្សាយសេចក្តីថ្លែងការណ៍លោកបានផ្ញើសេចក្តីព្រាងផ្នែកខ្លះ នៃសេចក្តីថ្លែងការណ៍របស់លោកពាក់ព័ន្ធនឹងជម្លោះព្រំដែនទៅកាន់រដ្ឋាភិបាលថៃ តែមិនទទួលបានការឆ្លើយតបពីភាគីថៃនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ លោក នៅតែបើកចំហ និងរីករាយក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលថៃ។
ឆ្លើយតបនឹងការបដិសេធរបស់ភាគីថៃចំពោះតួលេខជនភៀសសឹកកម្ពុជា លោក ថម បានអះអាងថា តួលេខជនភៀសសឹកចំនួន ៦៥០,០០០នាក់ គឺលោកបានដកស្រង់ចេញពីរាយការណ៍របស់អង្គការសហប្រជាជាតិ។ លោកបានសង្កត់ថា ការលើកឡើងរបស់លោកអំពីជនភៀសខ្លួនទាំងនោះ គឺជាការបង្ហាញក្តីកង្វល់ផ្នែកសិទ្ធិមនុស្ស មិនមែនផ្តោតលើទាមទារដែនអធិបតេយ្យ ដែលមានការប្រទាញប្រទង់គ្នានោះទេ។
លោក បានបញ្ជាក់ផងដែរថា នៅខែក្រោយលោកនឹងរៀបចំរបាយការណ៍ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានរួចរាល់ ហើយលោកនឹងទាក់ទងទៅរដ្ឋាភិបាលថៃម្តងទៀតនៅក្នុងអំឡុងពេលរៀបចំរបាយការណ៍នេះ។ លោកសង្ឃឹមថា នឹងអាចធ្វើការងារជាមួយមន្ត្រីថៃ ដើម្បីឈ្វេងយល់ពីទស្សនៈរបស់ពួកគេ មុនពេលរបាយការណ៍របស់លោកត្រូវបានបោះពុម្ពផ្សាយ។
យ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថា លោកមិនអាចមើលរំលងបានឡើយនូវសារៈសំខាន់នៃការដោះស្រាយជម្លោះព្រំដែននេះឲ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រឡប់ទៅផ្ទះសំបែងវិញ រស់នៅក្នុងបរិយាកាសដែលមានស្ថិរភាព និងសុវត្ថិភាព ព្រមទាំងអាចចាប់យកឱកាសសេដ្ឋកិច្ចពីការធ្វើពាណិជ្ជកម្មនៅតំបន់ព្រំដែន៕

No comments:
Post a Comment